បាល់​មាស​នៅ World Cup ​ឆ្នាំ​នេះ បើ​មិន Modric ​មាន​តែ Mbappe ​ប៉ុណ្ណោះ

បាល់​មាស គឺ​ជា​បាល់​ដែល​ត្រូវ​ផ្ដល់​ឱ្យ​កីឡាករ​លេង​ល្អ​ជាង​គេ​នៅ​ព្រឹត្តិការណ៍ World Cup ។ ហើយ​នៅ​ឆ្នាំ​នេះ ​គេ​សង្កេត​ឃើញ​មាន​តែ​២​នាក់​ប៉ុណ្ណោះ ​សក្ដិសម​ជាង​គេ​គឺ Luka Modric ​ឬ Kylian Mbappe។

បារាំង ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ក្រូអាត ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ​នៅ​ប្រទេស​រុស្ស៊ី ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ​ក្នុង​ក្រុម​២​នេះ ​គេ​សង្កេត​ឃើញ​កីឡាករ​២​នាក់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ ​ហើយ​ក៏​ជា​បេក្ខភាព​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​កីឡាករ​លេង​ល្អ​ជាង​គេ​នៅ World Cup ​ឆ្នាំ​នេះ​ដែរ។

Luka Modric ​បង្ហាញ​ទម្រង់​លេង​ល្អ ​​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ ​ក្នុង​ពូល រហូត​ដល់​ជួយ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ សឹង​តែ​ជាប់​ជា Man of The Match ​រាល់​ប្រកួត​ទៅ​ហើយ​សម្រាប់​ក្រុម​ក្រូអាត។ ខណៈ​ដែល​គ្រូ​បង្វឹក​និង​កីឡាករ​ក្រុម​ដទៃ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ខ្សែ​បម្រើ​រូប​នេះ ​ជា​កត្តា​សំខាន់​សម្រាប់​ក្រូអាត​អាច​ឡើង​ដល់​វគ្គ​នេះ។

ចំណែក Kylian Mbappe ​វិញ ​ក៏​ជា​កីឡាករ​ល្អ​ផង​ដែរ។ រូបគេ​បាន​ជួយ​ក្រុម​បារាំង​ឈ្នះ​ក្រុម​ខ្លាំង ​ទាំង​អាហ្សង់ទីន ​និង​បែលហ្សិក ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​កីឡាករ​វ័យ​ក្មេង ​តែ​ល្បឿន​លឿន​មិន​ធម្មតា​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន ​គិត​ថា​រូបគេ​សក្ដិសម​បំផុត​ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​បារាំង។

ដូច្នេះ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​គឺ​ដូច​ជា​ការ​ប្រកួត​កាត់​ក្ដី​ថា​នរណា​នឹង​ទទួល​បាន​បាល់​មាស​អីចឹង ​ប្រសិន​បើ​ក្រូអាត​ឈ្នះ​នោះ Modric ​បាន​បាល់​មាស ​ប៉ុន្តែ​បើ​បារាំង​ឈ្នះ​នោះ Mbappe ​នឹង​បាន​បាល់​មាស​វិញ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT