Bisan George ប្រដេញពីក្រោយ Privat ក្នុងបញ្ជីកីឡាករ Top Scorers សប្តាហ៍ទី ១២

ខ្សែប្រយុទ្ធរបស់ណាហ្គាវើល កាលពីសប្តាហ៍ទី ១២កន្លងទៅនេះ មានឱកាសស៊ុតបញ្ចូលទីបាន ២គ្រាប់ ជួយឲ្យណាហ្គាវើល ឈ្នះព្រះខ័នរាជស្វាយរៀង លទ្ធផល ៤-០ បន្ថែមទៅលើស្ថិតិគ្រាប់បាល់របស់ខ្លួន និងឃ្លាតពីកីឡាករកំពូលតារាង Privat ត្រឹម ១គ្រាប់ប៉ុណ្ណោះ។

កីឡាករសញ្ជាតិនីហ្សេរ៊ីយ៉ារូបនេះ មានគ្រាប់បាល់សរុប ១៥គ្រាប់ហើយឲ្យក្លិប ណាហ្គាវើល ក្នុងរដូវកាលថ្មីនេះ ដោយក្នុងនោះ George ធ្លាប់រកគ្រាប់បាល់បាន ៥គ្រាប់ក្នុងមួយប្រកួត ( បំបាក់វេស្ទើនភ្នំពេញ ១០-១ កាលពីសប្តាហ៍ទី ១០ )។

ការខកខានបន្តរកគ្រាប់របស់របស់ Privat Mbarga បានធ្វើឲ្យអាស៊ីអឺរ៉ុប ស្គាល់បរាជ័យលើកដំបូងក្នុង ៧ប្រកួតចុងក្រោយ ពោលគឺចាញ់បឹងកេត ៤ ទល់នឹង ០ ។

៤គ្រាប់របស់បឹងកេតនោះ ក៏សម្រេចបានដោយដៃគូប្រយុទ្ធពីររូប Julius និង Maycon ម្នាក់ពីរគ្រាប់ ខណៈអ្នកទាំងពីរ ក៏ជាបេក្ខភាពប្រជែងស្បែកជើងមាសរដូវកាលនេះដែរ ។

ក្រឡែកទៅនិយាយអំពីកីឡាករខ្មែរវិញ រ៉ឺង ប៊ុនហៀង របស់ក្រសួងការពារជាតិ ក៏កំពុងតែបង្ហាញការលេងដ៏ល្អរបស់ខ្លួន ដែលមានលទ្ធភាពអាចទាត់ចូលទី ៥គ្រាប់ក្នុង៤ប្រកួតជាប់ៗគ្នា ។ បច្ចុប្បន្នប្រធានក្រុមរបស់ទ័ពរូបនេះ កំពុងមានគ្រាប់បាល់ ៨គ្រាប់ លើបញ្ជី Top Scorers ផងដែរ ។

គួរបញ្ជាក់ថា កីឡាករដែលឈ្នះស្បែកជើងមាស កាលពីរដូវកាល ២០១៧ គឺអតីតកីឡាកររបស់ក្លិបណាហ្គាវើល Atuheire Kipson ដែលរកបាន ២៨គ្រាប់ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT