Neymar ដេក​យំ​២​ថ្ងៃ ​ក្រោយ​ដឹង​ពី​របួស​ជើង អវត្តមាន​ច្រើន​ខែ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​និយាយ​ថា​ខ្លួន​គេ​គេង​យំ​២​ថ្ងៃ ​នៅ​ពេល​ដឹង​ថា​ជើង​ស្ដាំ​របស់​ខ្លួន​បាន​ដាក់​ម្ដង​ទៀត​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ។

កីឡាករ​សំខាន់​របស់​ក្រុម PSG ​បាន​រង​របួស​ជើង​នេះ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Strasbourg ​ក្នុង​ពាន​រង្វាន់ French Cup ​។ ហើយ​ការ​ព្យាបាល​នឹង​ត្រូវ​ប្រើ​ពេល​ដល់​ខែ​មេសា​ឯ​ណោះ ទើប​រូបគេ​អាច​ចូល​លេង​វិញ​បាន។ របួស​នេះ​គឺ​កើត​ឡើង​ចំ​កន្លែង​ដដែល ដែល​ Neymar ​ធ្លាប់​រង​របួស​កាល​ពី​ឆ្នាំ​មុន សឹង​តែ​ធ្វើ​ឱ្យ​រូបគេ​ខកខាន​មិន​បាន​ជួយ​ប្រេស៊ីល​លេង​នៅ World Cup ​នៅ​រុស្ស៊ី​នា​គ្រា​នោះ។

អតីត​កីឡាករ Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​យំ​២​ថ្ងៃ​សម្រាប់​របួស​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់ ​ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​វះ​កាត់។ វា​ជា​ពេល​វេលា​លំបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់ ​និង​អវត្តមាន​មិន​បាន​ជួយ​ក្រុម​។ ខ្ញុំ​រំពឹង​ថា​វា​នឹង​ជា​សះស្បើយ​ឱ្យ​បាន​លឿន​បំផុត”។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បន្ដ​ទៀត​ថា ​បើ​ទោះ​ជា​ខ្លួន​មិន​បាន​ជួយ PSG ​មែន ប៉ុន្តែ​មើល​តាម​បច្ចុប្បន្ន​នេះ​ក្លឹប​យក្ស​បារាំង​នៅ​តែ​មាន​ឱកាស​លើក​ពាន​រង្វាន់ UEFA Champions League ​បាន​ដដែល។ ហើយ​ខ្លួន​នឹង​ជា​សះស្បើយ​ទាន់​ពេល​វេលា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT