Barcelona ​សម្រុក​ដូច​ទឹក​បាក់​ទំនប់ ​ប៉ុន្តែ​មិន​អាច​ឈ្នះ​ក្រុម Lyon ​បាន​ទេ​

ក្រុម FC Barcelona ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​មែនទែន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Lyon ​កាល​ពី​យប់មិញ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​តែ​០-០ ​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

ក្នុង​ការ​ប្រកួត​យប់មិញ ​ក្រុម Barca ​ស៊ុត​ដល់​ទៅ​២៥​ជើង​ឯ​ណោះ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម Lyon ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ​សឹង​តែ​របូត​គ្រាប់​បាល់​ខ្លួន​ឯង​វិញ​ទៅ​ហើយ ​ដោយMartin Terrier ​ស៊ុត​១​ជើង​បុក​របា​ទី។ ក្រុម​កំពូល​តារាង​នៅ La Liga ​បាន​សរសើរ​ទៅ​លើ​អ្នក​ចាំទី Anthony Lopes ​របស់​ក្រុម Lyon ​ខ្លាំង​មែនទែន ដែល​អាច​សង្គ្រោះ​បាល់​បាន​ច្រើន​ពី​ជើង​របស់ Messi ​និង Suarez ។

ស្មើ​យប់មិញ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​មាន​កំណត់ត្រា​មិន​ល្អ​ឡើយ​ក្នុង​ពាន​រង្វាន់ Champions League ​លេង​ក្រៅ​ដី។ ពោល​គឺ​៦​ប្រកួត​កន្លង​មក​នេះ ​ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ឡើយ ​ដោយ​បាន​ត្រឹម​ស្មើ​២ ​និង​ចាញ់​៤​ដង​ឯ ណោះ។ មួយ​វិញ​ទៀត​លទ្ធផល​គ្មាន​គ្រាប់​បាល់​នេះ​ទៀត​សោត ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​តែ​រក​គ្រាប់​បាល់​ឱ្យ​បាន​នៅ​ជើង​ទី​២ ​ដែល​លេង​នៅ​ដី​ខ្លួន​ឯង ​នៅ​ថ្ងៃ​ទី​១៣​ខែ​មីនា​ខាង​មុខ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT