Emmanuel នឹងប៉ះម្ចាស់ផ្ទះសិង្ហបុរី នៅកម្មវិធី ONE Warrior Series 4នៅ ចុងខែនេះ

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូ Emmanuel Onyedikachi នឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។

Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!»

«ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!»

រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។

Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។

គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ អាចនិយាយថា ដូចគោព្រៃប៉ះគោព្រៃអីចឹង វាច្បាស់ជាផ្អើលសង្វៀនមិនខាន!»

Emmanuel រហូតមកដល់ពេលនេះមានកំណត់ត្រាឈ្នះ ៣ដងជាប់ៗគ្នា ហើយចាប់ល្បីខ្លាំងពេលម៉ាត់ជើងខ្លាំងឥណ្ឌា Sandeep Kumar Dahiya ដួលក្នុងទឹកទី១ បានសម្រេច។

ក្រៅពីរវល់ហ្វឹកហាត់ពង្រឹងកម្លាំងបន្ថែម អ្នកប្រដាល់នេស្សីរីយ៉ា ក៏មានភាពមមាញឹកខ្លាំងក្នុងជីវិតក្រៅសង្វៀនផងដែរ។ គាត់បានកសាងគ្រួសារផ្ទាល់ខ្លួន ដោយទើបបានរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ហើយបន្តិចទៀតជិតក្លាយជាឪពុករបស់កូនក្នុងផ្ទៃហើយ។

មួយរយៈចុងក្រោយនេះ មានរឿងជាច្រើនបានកើតឡើងក្នុងជីវិតកីឡាកររស់នៅភ្នំពេញម្នាក់នេះ ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សផ្លាស់ប្តូរខុសពីមុនសឹងទាំងស្រុង។ បន្តិចទៀតគាត់នឹងក្លាយជាឪពុកគេហើយ ដូច្នេះវារឹតតែធ្វើឲ្យគាត់កាន់តែឆាបឆួលក្នុងការពង្រឹងអាជីពឲ្យលំនឹងខ្លាំងជាងនេះទៀត។

សព្វថ្ងៃក្រៅពីអាជីពប្រដាល់ គាត់ក៏ជាឯកអគ្គរដ្ឋទូតតំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលមួយហៅថា Awareness Cambodia។ អ្នកប្រដាល់កើតនៅប្រទេសនេស្សីរីយ៉ា នឹងបោះជំហានដើរចូលទ្រុងម្តងទៀត ដោយមានការគាំទ្រពេញទំហឹងពីក្មេងៗ និងបុគ្គលិកនៅអង្គការដែលគោរពរាប់អានគាត់ បូករួមជាមួួយគ្រួសាររបស់គាត់ផងដែរ។

«ពេលខ្ញុំដើរចូលទ្រុង ខ្ញុំដឹងថាខ្ញុំវាយដើម្បីគ្រួសារ។ ខ្ញុំមិនវាយសម្រាប់តែខ្លួនឯងទៀតទេ តែគឺវាយដើម្បីកុមារក្រីក្រទាំងនោះ សម្រាប់គ្រួសារ និងសម្រាប់កូនរបស់ខ្ញុំដែរ»។

Emmanuel បានបង្ហើបប្រាប់ខ្លះៗពីជីវិតដ៏លំបាកវេទនាពេលមកដល់កម្ពុជាដំបូង ប៉ុន្តែគាត់ចង់យកឱកាសនេះបង្ហាញដល់ជនរួមជាតិកម្ពុជាទាំងអស់ថា អ្នកណាក៏អាចផ្លាស់ប្តូរជីវិតខ្លួនឯងបានដែរ បើសិនយើងចេះខិតខំតាំងចិត្ត ហើយចេះបណ្តុះស្មារតីវិជ្ជមានជានិច្ច។

គាត់រំលឹកឃ្លាដែលគាត់ចូលចិត្ត៖ «គ្រាន់តែពេលខ្ញុំគិតថាពិភពលោកទាំងមូលកំពុងលេងសើចនឹងខ្ញុំ ស្រាប់តែអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំជឿថាឆ្នាំ ២០១៩ ជាឆ្នាំពិសេសបំផុត»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT