ខុន ស៊ីចាន់ ចង់បង្ហាញសមត្ថភាពខ្លាំងមួយកម្រិតទៀតនៅសិង្ហបុរី

ថ្ងៃទី២២ ខែកុម្ភះនេះ ខុន ស៊ីចាន់ នឹងបង្ហាញខ្លួនម្តងទៀតនៅលើសង្វៀនពិភពលោក ONE Championship ដោយមានគ្រូបង្វឹកជនជាតិស្កតឡែន Alan Mccune ជួយជ្រំជ្រែងគ្រប់យ៉ាង ដូចនេះ ស៊ីចាន់ មានសង្ឃឹមថាគាត់អាចរីកចម្រើនស្ទុះជាងមុនឆ្ងាយពេលប្រកួតខាងមុខ។

ទាំង ស៊ីចាន់ និងលោកគ្រូ Mccune កំពុងហ្វឹកហាត់ពេញទំហឹងតែម្តង ប្រឹងយ៉ាងណាអាចយកឈ្នះ Rudy “Golden Boy” Agustian គូប្រកួតមកពីឥណ្ឌូនេស៊ីឲ្យបាន ក្នុងព្រឹត្តិការណ៍ ONE: CALL TO GREATNESS ប្រទេសសិង្ហបុរី។

ថ្វីបើកៀកដល់ថ្ងៃត្រូវប្រកួតយ៉ាងណាក្តី លោក Alan ប្រាប់ថាគាត់ជឿជាក់ខ្លាំងលើសមត្ថភាពរបស់ ស៊ីចាន់ ថាមានសង្ឃឹមជោគជ័យច្រើន។

ដោយសារគាត់ឃើញទេពកោសល្យ ស៊ីចាន់ ម្តងហើយម្តងទៀតមិនផ្លាស់ប្តូ។

Alan ពន្យល់ពីចារិក ស៊ីចាន់ ថា៖ «ចរិកប្រកួតគាត់មិនដូចគេទេ គឺគាត់ស៊ូវាយតាំងលឺសម្លេងជួងដល់ចប់ទឹកតែម្តង»

ទំនាក់ទំនងគ្រូ និងសិស្ស រវាងពួកគាត់ផ្សាភ្ជាប់គ្នាអំឡុងឆ្នាំ ២០១៣ ដែលកាលនោះគ្រូបង្វឹកជនជាតិស្កតឡែន Alan Mccune ទៅបង្វឹកឲ្យកម្មវិធី Khmer Warrior Challenge (KWC) ហើយពេលនោះដែរ ខុន ស៊ីចាន់ ក៏បានដាក់ឈ្មោះប្រកួតកម្មវិធីនោះ  Alan ចាប់អារម្មណ៍ឃើញពីទេពកោសល្យពិសេសរបស់ ស៊ីចាន់ ដែលដក់ក្នុងចិត្តគាត់មិនភ្លេច។

«អាចនិយាយថា ស៊ីចាន់ គឺជាមនុស្សរៀនលឿនតែម្តង។ យើងបង្ហាញតិចនិចចាប់ក្រោម៥នាទីឲ្យគាត់មើល ហើយគាត់ចាប់បានយ៉ាងតិច ៩០ភាគរយដែរ»។

ស៊ីចាន់ មានដើមកំណើតនៅខេត្តឧត្តមានជ័យ បានចូលប្រឡូកក្នុងវិស័យប្រដាល់តាំងពីតូចក្រូចឆ្មាម្លេះ រីឯគ្រូបង្វឹកវ័យ ៥១ឆ្នាំរូបនេះវិញ មានសាច់ឈាមជាពូជពង្សអ្នកប្រដាល់ក្បាច់គុនតាំងពីយូរយារណាស់មកហើយ គាត់ក៏បានចែករំលែកបង្រៀនជំនាញនោះបន្តដល់កីឡាករល្បីៗជំនាន់ក្រោយជាហូរហែរផងដែរ។

«ខ្សែស្រឡាយខ្ញុំគឺចេញពី Inosanto ដែលជាដៃគូហ្វឹកហាត់ជាមួយ Bruce Lee។ គ្រូខ្ញុំវិញគឺ Rick Young ជាគ្រូបង្វឹកជាន់ខ្ពស់ម្នាក់ក្រោមគាត់(Bruce Lee)បន្តិច»។

ពេលលោកគ្រូ Alan មកកម្ពុជាកាលពីឆ្នាំ ២០១៣ដំបូងមាន មនុស្សម្នាជាច្រើនរំភើបចង់ដឹងថាតើគាត់អាចយកអ្វីពិសេសមកជួយពិភពក្បាច់គុនកម្ពុជាបាន ពីព្រោះអំឡុងពេលនោះគេទើបតែស្គាល់គុនចម្រុះថ្មីថ្មោងប៉ុណ្ណោះ។

គាត់ចាប់បានឱកាសដ៏ធំពេលមានគ្រូបង្វឹកដ៏ល្បីឈ្មោះម្នាក់ទៀតទូរសព្ទ័មកគាត់។ ម្នាក់នោះគឺ Paddy Carson។

Mccune ប្រាប់ពីដំណើររឿង៖ «CTN និង MYTV បានបង្កើតកម្មវិធីប្រកួតគុនចម្រុះខ្លួនឯងមួយ និងរៀបចំកម្មវិធី KWCមួយដែរ។ Paddy Carson គាត់សួរខ្ញុំថា ចង់មកសាកធ្វើគ្រូបង្វឹកធំអត់?»

«ថ្ងៃជាមួយគ្នានោះ ខ្ញុំក៏បានទៅ CTN ស្លៀកខោអាវធម្មតា មិនគិតថាទៅបង្ហាត់អ្វីទេ គឺគ្រាន់តែទៅមើលឲ្យស្គាល់ប៉ុណ្ណោះ។ ប្រហែលជារសៀលបន្តិច ខ្ញុំដើរទៅខាងក្រោយឆាក CTN ក៏ឃើញកីឡាករប្រហែល ៧០ទៅ ១០០នាក់ឈរតម្រង់ជួរគ្នា»។

«ពួកគេចង់ស្គាល់ក្បាច់គុនចម្រុះយ៉ាងម៉េច ចង់ដឹងការចាប់ផ្តួល ចង់ឃើញរបៀបប្រដាល់ ពួកគាត់គឺចង់ឃើញផ្ទាល់ថាបទពិសោធន៍របស់ខ្ញុំក្រោមការដឹកនាំរបស់គ្រូមកពីអ៉ីរ៉ុបយ៉ាងណាដែរ»។

Mccuneប្រាប់ទាំងអស់សំណើចថា៖ «និយាយទៅពួកគាត់ធ្វើឲ្យខ្ញុំមិនដឹងធ្វើអ្វីមុនតែម្តង!»

Alan ក៏ក្លាយខ្លួនជាគ្រូបង្វឹកនៅ KWC រីឯ ស៊ីចាន់ ចុងក្រោយជាប់ជ័យលាភីជើងឯក Khmer Warrior Challenge Flyweight Champion បន្ទាប់មកបានឈានជើងឡើងប្រកួតនៅសង្វៀនធំអន្តរជាតិ ONE Championship ជាបន្តបន្ទាប់។

ចាប់តាំងពីស្គាល់គ្នាពីរឆ្នាំ កីឡាករកម្ពុជារូបនេះ បានត្រលប់ចូលទៅប្រកួតក្នុងទ្រុងម្តងទៀតគឺនៅខែមីនា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ ONE: VISIONS OF VICTORY ពេលនោះត្រូវប៉ះជាមួួយជើងខ្លាំងឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Riski Umar ប៉ុន្តែសង្កេតឃើញទឹកមុខនិងកាយវិការគាត់ដូចជាមុះមុតជាងមុនឆ្ងាយ។ ប្រកួតក្នុងទ្រុងម្តងនោះ គឺគាត់បញ្ចេញសមត្ថភាពដ៏គួឲ្យភ្ញាក់ផ្អើលមួយបែប ដែលយើងជឿថាអាជីពរបស់គាត់គឺនឹងចាប់ផ្តើមជោគជ័យពីពេលនោះ។

ដូច្នេះសម្រាប់ថ្ងៃសុក្រ ទី២២ ខែកុម្ភះ ឆ្នាំ២០១៩ នេះគ្រូបង្វឹក Mccune និងខុន ស៊ីចាន់ នឹងធ្វើដំណើរឆ្ពោះទៅប្រកួតនៅសង្វៀនធំប្រទេសសិង្ហបុរី ដើម្បីបង្ហាញពិភពលោកថាអ្នកប្រដាល់ពី ព្រះរាជាណាចក្រកម្ពុជា គឺមិនអាចមើលងាយបានឡើយ។ ចំពោះ ស៊ីចាន់ វិញសង្ឃឹមថាគាត់អាចប្រើប្រាស់សមត្ថភាពរបស់ខ្លួនជួយលើកមុខមាត់ក្បាច់គុនកម្ពុជាបាន។

Mccune បង្ហើបថែមថា៖ «ក្នុងចំណោមកូនសិស្ស ៧០នាក់ដែលខ្ញុំបង្រៀននៅ KWC មានតែគាត់មួយទេខ្ញុំអារម្មណ៍ដូចមាននិស្ស័យជាមួយ»។

«អ្វីដែលព្យាយាមធ្វើគឺជម្រុញ ស៊ីចាន់ ឲ្យបានជោគជ័យដល់មួយកំរិតទៀត»។  

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT