ខ្សែ​ការពារ Bellerin ​របស់ Arsenal ​អាច​អវត្តមាន​ដល់​ចប់​រដូវ​កាល ​

ខ្សែ​ការពារ Bellerin ​របស់ Arsenal ​អាច​អវត្តមាន​ដល់​ចប់​រដូវ​កាល ដោយសារ​តែ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម Chelsea ​២-០។

ខ្សែ​ការពារ​ស្លាប​ស្ដាំ​ខាង​លើ​នេះ ទើប​តែ​ជា​សះស្បើយ​ពី​របួស​កំភួន​ជើង​ទេ ​ហើយ​ក៏​បាន​ចូល​លេង​ជាមួយ​ក្រុម Chelsea ​កន្លង​ទៅ ​រង​របួស​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​លើក​នេះ​ប៉ះ​ពាល់​ជង្គង់​ម្ដង។ ការ​ប៉ះ​ទង្គិច​ជង្គង់​នេះ​ដែរ ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ខាង Arsenal ​បញ្ជាក់​ថា​ធ្ងន់ធ្ងរ ​ហើយ​អាច​នឹង​ឈាន​ដល់​ការ​វះ​កាត់​ថែម​ទៀត។ ប្រសិន​ណា​បើ​វះ​កាត់​មែន ​នោះ​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​អាច​នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។

លោក Unai Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ចំពោះ​របួស​នេះ​ដែរ​ថា​ប្រសិន​ណា​បើ Bellerin ​ពិត​ជា​ត្រូវ​វះ​កាត់​មែន ​នោះ​រូបគេ​អាច​នឹង​អវត្តមាន​៦​ទៅ​៩​ខែ​ឯ​ណោះ។ វា​ជា​ការ​ពិបាក​សម្រាប់​ក្រុម​កាំភ្លើង​ធំ នៅ​ពេល​ខ្វះ​ខ្សែ​ការពារ​ស្លាប​ល្អ​ម្នាក់​ដើម្បី​ជួយ​នៅ​តំបន់​ខាង​លើ។ ខណៈ​ដែល​ក្លឹប​បច្ចុប្បន្ន​ក៏​មិន​មាន​បំណង​ចង់​ទិញ​កីឡាករ​បន្ថែម​ទៀត​ដែរ​នោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT